flag of Cambodia

ការងាររបស់យើង

Language: English | Khmer

សន្តិសុខស្បៀង និងបរិស្ថាន

ក្រោមកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីគំនិតសន្តិសុខស្បៀងសំរាប់អនាគតនិងការប្រែប្រួល​អាកាស​ធាតុ​សកល (Feed the Future and Global Climate Change Initiatives) ទីភ្នាក់ងារ USAID បាន​ជួយ​ដល់ជាង ១៥០,០០០គ្រួសារអោយទទួលបាននូវប្រាក់ចំណូលច្រើនជាងមុន និងជួយកាត់បន្ថយកង្វះ​អាហារូបត្ថម្ភតាមរយៈការធ្វើអោយប្រសើរឡើងនូវរបៀបនៃការដាំដុះ ការប្រើប្រាស់គ្រាប់ពូជដែលមានគុណភាព ផ្គត់ផ្គង់ និងឥណទាន ព្រមទាំងការបង្កើនឱកាសស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន។ ទីភ្នាក់ងារ USAID ជួយដល់កសិករ សហគមន៍កសិវប្បកម្ម និងព្រៃឈើអោយប្រើប្រាស់ឧបករណ៍ និងជំនាញនានាដែលកាត់បន្ថយ​ភាពងាយរងគ្រោះចំពោះគ្រោះធម្មជាតិ អភិរក្សជម្រាលទឹកភ្លៀង និងការពារព្រៃឈើ ដែលចំណុចទាំងអស់នេះគឺ​មាន​សារៈសំខាន់ជាមួយការប្រែប្រួលអាកាសធាតុ។

ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ច

ទីភ្នាក់ងារ USAID ធ្វើការជាមួយអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ការពារសិទ្ធិស៊ីវិល ជម្រុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងដំណើការនយោបាយ និងការប្រយុទ្ធប្រឆាំងអំពើ​ជួញ​ដូរមនុស្ស។ ទីភ្នាក់ងារ USAID បានជួយបង្កើនការទាក់ទងគ្នារវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលលើបញ្ហា​វិវាទដីធ្លី សិទ្ធិកម្មករ ការជួញដូរមនុស្ស និងអភិបាលកិច្ចល្អ។ ក្នុងឆ្នាំ ២០១៦ ទីភ្នាក់ងារ USAID បានបង្កើន​ចំនួន​ភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលក្នុងនោះមានភាពជាដៃគូជាមួយក្រុមហ៊ុនម៉ាយក្រូសូហ្វ ដើម្បីផ្តល់នូវចំណេះ​ដឹងផ្នែកឌីជីថលដល់ប្រជាជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស។

សុខភាពសកល និងការអប់រំ

ទីភ្នាក់ងារ USAID បំពេញការងារដើម្បីធ្វើអោយប្រសើរឡើងនូវសុខភាពមាតា និងទារក​ពង្រឹងប្រព័ន្ធសុខាភិ​បាល និងកាត់បន្ថយនូវការគម្រាមកំហែងដោយជម្ងឺរាតត្បាតដូចជាមេរោគអេដស៍ ជម្ងឺគ្រុនចាញ់ និងជម្ងឺរបេង​ជាដើម។ ដោយមានការគាំទ្រពីទីភា្នក់ងារ USAID បច្ចុប្បន្នប្រជាជនកម្ពុជាប្រមាណ ៣០ភាគរយអាចទទួលបាន​សេវាសុខភាពមួយដែលកាន់តែមានប្រសិទ្ធិភាព និងប្រសើរជាងមុន ហើយកុមារកម្ពុជាប្រមាណមួយលាន​នាក់​នឹងអាចរៀនអានតាមរយៈការបង្រៀនដែលមានប្រសិទ្ធិភាពច្រើនជាងមុន ព្រមទាំងគុណភាពអប់រំដេលប្រសើរ​ជាង​មុនផងដែរ។