ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ ប្រកាសការរួមចំណែកថ្មីមួយ ដើម្បីជួយអភិរក្សឯកសារប្រវត្តិសាស្ត្ររបស់កម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ ប្រកាសការរួមចំណែកថ្មីមួយ ដើម្បីជួយអភិរក្សឯកសារប្រវត្តិសាស្ត្ររបស់កម្ពុជា
USAID/Ty Chan

For Immediate Release

Monday, April 3, 2017

រដ្ឋាភិបាលអាមេរិកបានប្រកាសថវិកា ៥,៨ លានដុល្លា ជាទាយជ្ជទានគាំទ្របន្ថែមទៀត ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលនឹងបង្កើននិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង របស់ស្ថាប័នមួយនេះក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយះការអភិរក្សកំណត់ ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យខ្មែរក្រហម។

ចាប់តាំងពីទាយជ្ជទាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ទីភ្នាក់ងារសហរដ្ឋ អាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាសរុប ៩,៨ លានដុល្លា ដល់ DC-Cam ។ រដ្ឋាភិបាលអាមេរិកនិង DC-Cam កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចងចាំ ការផ្សះផ្សា និងការជាសះស្បើយនៅក្នុងប្រទេសកម្ពុជា។

លោកស្រី Polly Dunford នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖ «ការរួមចំណែកទាយជ្ជទាននៅថ្ងៃនេះ រួមជាមួយនឹងការឧបត្ថម្ភរបស់ USAID កន្លងមក នឹងផ្តល់គ្រឹះហរិញ្ញវត្ថុសំរាប់ដំណើរការរបស់ DC-Cam ក្នុងរយះពេល២០ឆ្នាំ ទៀត។ យើងមានមោទនភាពក្នុងការគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់ DC-Cam ដើម្បីបង្កើត អនាគតត្រចេះត្រចង់ប្រសើរមួយ តាមរយះការ បង្រៀនយុវជនវ័យក្មេងអំពីគុណតម្លៃនៃការសិក្សា ប្រវត្តិសាស្ត្រ ការអភិរក្សវប្បធម៌របស់ពួកគេ ការ លើកតម្កើងនិងការការពារសិទ្ធិមនុស្ស។»

DC-Cam ស្វែងរកការកសាងសង្គមដែលមានសន្តិភាពប្រសើរជាងមុន តាមរយះការ ស្រាវជ្រាវនិងការអប់រំអំពើប្រល័យពូជសាសន៍។ ដោយតម្កល់ជាឯកសារនូវការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរក្នុងសម័យខ្មែរក្រហម DC-Cam បានដើរតួយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាទទួល យកបន្តិចម្តងនូវការរងទុក្ខលំបាកជាច្រើនលើសលប់ តាមរយះការលើកតម្កើងសន្តិភាពនិងការ ផ្សះផ្សាជាតិ។

# # #

អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID

USAID ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំងពីឆ្នាំ ១៩៩២ USAID បានផ្តល់ថវិកា ប្រមាណជា១ពាន់លានដុល្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ៕​

អំពីមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)

DC-Cam ត្រូវបានបង្កើតឡើងបន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់យុត្តិធម៌របបប្រល័យ ពូជសាសន៍កម្ពុជា នៅក្នុងខែមេសា ឆ្នាំ ១៩៩៤។ គោលបំណងរបស់ DC-Cam គឺកត់ត្រានិង អភិរក្សប្រវត្តិសាស្ត្ររបបខ្មែរក្រហមសំរាប់អ្នកជំនាន់ក្រោយ និងប្រមូលផ្តុំនិងរៀបចំព័ត៌មាន ដែល អាចធ្វើជាភ័ស្តុតាងផ្លូវច្បាប់សំរាប់បទឧក្រិដ្ឋនៃរបបខ្មែរក្រហម។ DC-Cam បានផ្តល់ភ័ស្តុតាង ជាងកន្លះលាន ដល់សាលាក្តីខ្មែរក្រហម។ គោលបំណងទាំងនេះ តំណាងអោយការលើកតម្កើង ការចងចាំ និងយុត្តិធម៌ ដែលជាគ្រឹះយ៉ាងសំខាន់សំរាប់និតិរដ្ឋ និងការផ្សះផ្សាជាតិពិតប្រាកដនៅ ក្នុងប្រទេសកម្ពុជា។