flag of Cambodia

សុខភាពសកល

Language: English | Khmer
health
ទីភ្នាក់ងារ USAID ជួយធ្វើអោយប្រសើរឡើងនូវសុខភាពរបស់កុមារ និងមាតាកម្ពុជាតាមរយៈការធ្វើអោយប្រសើរឡើងនូវលំហែទាំស្ត្រីមានផ្ទៃពោះ និងការបង្កើនចំនួន​កំណើតនៅក្នុងសេវាថែទាំសុខភាព។

ចាប់ពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០១៤​​ អត្រានៃការសម្រាលកូនដោយមានជំនួយពីអ្នកជំនាញបានកើនឡើង​ជាងពីរដងក្នុងប្រទេសកម្ពុជា ពី ៣២%​ ទៅ ៨៧% ហើយការប្រើប្រាស់វីធីសាស្ត្រពន្យារកំណើតបែបទំនើបក៏មាន​ការកើនឡើងពី ១៩% ទៅ ៣៩%ផងដែរ។ ដោយមានជំនួយពីទីភ្នាក់ងារ USAID អត្រានៃកុមារដែលបានទទួល​ថ្នាំបង្ការមានការកើនឡើងពី ៤០% ទៅ ៧៩%។ នៅតាមបណ្តាសហគមន៍ក្រីក្របំផុតដែលទទួលបានការគាំទ្រ​ពីទីភ្នាក់ងារ USAID ៧៧.៨% នៃទារកត្រូវបានបំបៅដោយទឹកដោះម្តាយមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែ​ដំបូង ហើយ ប្រជាជនប្រមាណ ១៦,៦៤៩នាក់បានទទួលសេវាភូគាមអនាម័យកាន់តែប្រសើរឡើង។ ដោយមាន​ការគាំទ្រពីទីភ្នាក់ងារ USAID អត្រាកង្វះអាហារូបត្ថម្ភរបស់កុមារថ្នាក់ជាតិបានធ្លាក់ចុហពី ៤០% ក្នុងឆ្នាំ២០១០ មកត្រឹម ៣២% ក្នុងឆ្នាំ ២០១៥។ ចាប់ពីឆ្នាំ ២០០០ ​ដល់ ឆ្នាំ ២០១៥ សមាមាត្រនៃគ្រួសារកម្ពុជាដែលប្រើប្រាស់​ប្រភព​ទឹក​ស្អាតបានកើនឡើងទ្វេរដងពី ៣២.៥% រហូតដល់ ៦៥%។

ទីភ្នាក់ងារ USAID បានចូលរួមចំណែកក្នុងការសម្រេចបាននូវលទ្ធផលគួរជាទីសោមន្សនេះតាមរយៈការជួយពង្រឹង​ប្រព័ន្ធ និងគោលនយោបាយថ្នាក់ជាតិ ការពង្រីកការផ្តល់សេវាសាធារណៈទៅដល់សហគមន៍ និងការធ្វើអោយ​ប្រសើរឡើងនូវសេវាប្រកបដោយគុណភាព។ ទីភ្នាក់ងារ USAID ក៏បានជួយពង្រីកនូវមូលនិធិសមធម៌សុខាភិបាល (Health Equity Fund) ទៅគ្រប់បណ្តាមណ្ឌលសុខភាពនៅទូទាំងប្រទេស ដែលអនុញ្ញាតអោយជនកម្ពុជាក្រីក្រ​ជាង ៣លាននាក់អាចទទួលបាននូវសេវាសុខភាពដោយឥតគិតថ្លៃ។ ដោយសាររាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​មួយចំណែកធំលើអភិបាលកិច្ច និងហិរញ្ញវត្ថុសម្រាប់មូលនិធិសមធម៌សុខាភិបាល រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើត ព្រមទាំងផ្តល់មូលនិធិដល់ស្ថាប័នពាក់កណ្តាលស្វយ័តមួយ ដែលនឹងទទួលយកភារកិច្ចក្នុងការពិនិត្យតាមដាន​ដំណើរ​ការមូលនិធិសមធម៌សុខាភិបាល និងការធ្វើវិញ្ញាបនកម្ម (ជាតួនាទីមួយដែលទីភ្នាក់ងារ USAID ធ្លាប់ធ្វើកន្លង​មក) ហើយទីភ្នាក់ងារ USAID នឹងផ្តល់នូវជំនួយបច្ចេកទេស ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាពសម្រាប់​ស្ថាប័ននេះផងដែរ។ ការពង្រឹងនូវកិច្ចការងារនេះ​គឺបានពីការជួយគាំទ្ររបស់ទីភ្នាក់ងារ USAID ក្នុងការពង្រឹងប្រព័ន្ធ​សុខាភិ​បាលរបស់រាជរដ្ឋាភិ​បាល រួមទាំង​​ព័ត៌មាន និងបែបបទនានាផងដែរ។ ការវិនិយោគដ៏សំខាន់ និងគន្លឹះរបស់​ទីភ្នាក់ងារ USAID ក្នុងវិស័យសុខាភិបាល គឺផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហា​សំខាន់ៗទាំងឡាយ ក្នុងគោលបំណងធ្វើអោយប្រសើរឡើងនូវវិស័យសុខាភិបាលមួយប្រកបដោយប្រសិទ្ធភាព និងចីរភាព។​ ទីភ្នាក់ងារ USAID ផ្តល់ជំនួយបច្ចេកទេសទៅដល់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្នុងការងារអភិវឌ្ឍ​គោលនយោបាយ និងយុទ្ធសាស្ត្រគាំពារសុខភាពសង្គមរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវ​សេវា​សុខាភិបាលសកល (Universal Health Coverage)។

កម្មវិធីរបស់ទីភ្នាក់ងារ USAID បានជួយកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃមេរោគហ៊ីវពី ១.៧% ក្នុងឆ្នាំ ១៩៩៨ មកត្រឹម ០.៦% ក្នុងឆ្នាំ ២០១៥ តាមរយៈការធ្វើអោយប្រសើរឡើងនូវគុណភាពសេវាទាក់ទងនឹងមេរោគហ៊ីវ ការកសាងនូវ​វិធី​សាស្ត្ររបកគំហើញថ្មីៗនៃការរកឃើញករណីចុងក្រោយ ព្រមទាំងការធ្វើអោយប្រសើរឡើងនូវតម្លៃប្រសិទ្ធភាព​នៃការឆ្លើយតបចំពោះមេរោគហ៊ីវ។ បច្ចុប្បន្ន ដោយមានជំនួយបច្ចេកទេសដោយផ្ទាល់របស់ទីភ្នាក់ងារ USAID តាមរយៈកម្មវិធី PEPFAR ជនកម្ពុជាដែលកំពុងរស់នៅជាមួយមេរោគហ៊ីវចំនួន ៧,៥៧៧នាក់ (ជាងពាក់កណ្តាល​ជាស្ត្រី) បានទទួលការព្យាបាលសង្គ្រោះជីវិត។