ទីភ្នាក់ងារ USAID គាំទ្រគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីចំនួន ៣៨៥,០០០នាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ទីភ្នាក់ងារ USAID គាំទ្រគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីចំនួន ៣៨៥,០០០នាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍
Photo: Fintrac Inc.

For Immediate Release

Monday, August 7, 2017

រាជធានីភ្នំពេញ, ថ្ងៃទី0៧ ខែសីហា ឆ្នាំ ២០១៧៖ មានស្រ្តីប្រមាណ ៣៨៥,០០០នាក់ពីកម្ពុជា វៀតណាម និង ហ្វីលី​ពីន ​ត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីមានតម្លៃ ៨លាន​ដុល្លារ ដែល​ផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ សញ្ញាប័ណ្ណនេះនឹងផ្តល់ឲ្យ​ស្ត្រី​អាច​ទទួល​បាននូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀតដែលមានតម្លៃសម​រម្យ ដើម្បី​ជួយ​ឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។

គម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីនឹងផ្តល់មូលធនទៅដល់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសសង្គមមួយក្រុម ដែល​នឹង​ជួ​យប្រែក្លាយស្ត្រីដែលមានប្រាក់ចំណូលទាបពីជីវភាពសមល្មមគ្រាន់តែចិញ្ចឹមជីវិតទៅកាន់ជីវភាពប្រកបដោយចីរភាព ហើយនឹងជួយស្ត្រីទាំងនោះឲ្យធន់ទៅនឹងភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ បន្ថែមលើភាពជោគជ័យលើមុខជំនួញ​ដែលគ្រប់គ្រងដោយស្ត្រី មានផលប្រយោជន៍រយៈពេលវែងជាច្រើនទៀតដែលពួកគេនឹងទទួលបានដោយក្នុងនោះរួមមាន៖ ការកើនឡើងនូវការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្ម ជីវភាពរស់នៅកាន់តែប្រសើរឡើង ព្រមទាំងមានឱកាសកាន់តែ​ច្រើនសម្រាប់ស្ត្រី និងកុមារក្នុងការទទួលបាននូវឱកាសអប់រំ និងសុខាភិបាល។

លោក Todd Sorenson អនុប្រធានបេសកកម្មនៃទីភ្នាក់ងារអភិវឌ្ឍប្រចាំតំបន់អាស៊ីរបស់ទីភ្នាក់ងារ USAID ដែលមាន​ទីតាំងនៅទីក្រុងបាងកកបានមានប្រសាសន៍ថា៖ “ទីភ្នាក់ងារ USAID មានសេចក្តីសោមនស្សរីករាយក្នុងការជួយគាំទ្រដល់​គម្រោងសញ្ញាប័ណ្ណជីវាភាពសម្រាប់ស្រ្តីជាមួយកម្ចីដែលមានការធានា។” សញ្ញាប័ណ្ណនេះផ្តល់ប្រយោជន៍ដល់ស្ត្រីដែល​រស់​នៅតាមបណ្តារដ្ឋក្នុងតំបន់អាស៊ាន និងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមួយដែលមានមូលដ្ឋានក្នុងតំបន់អាស៊ាន។ អាស៊ាន គឺជាសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍។

គម្រោងរយៈពេលបួនឆ្នាំ ដែលមានអាត្រាការប្រាក់ ៥.៦ភាគរយ ត្រូវបានរៀបចំដោយក្រុមហ៊ុន Impact Investment Exchange (IIX) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថានឹងចុះបញ្ជីរក្នុងទីផ្សារមូលប័ត្រសិង្ហបុរីក្នុងខែនេះ។ គម្រោងនេះនឹងក្លាយជាសញ្ញាប័ណ្ណនិរន្តរភាពសង្គមដំបូងគេដែលផ្តោតលើចំណូលសង្គម និងហិរញ្ញវត្ថុដែលនឹងត្រូវចុះបញ្ជីរ​លើទីផ្សារមូលប័ត្រធំមួយ។

ទីភ្នាក់ងារ USAID កំពុងផ្តល់ប្រាក់ធានាចំនួន ៥០ភាគរយនៃគោលការណ៍ទំហ៊ំប្រាក់កម្ចី ដើម្បីកាត់បន្ថយហនិភ័យ ទាក់​ទាញអ្នកវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ។

ដោយសង្កេតឃើញថាគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីត្រូវបានគាំទ្រដោយស្ថាប័នសាធារណៈ ស្ថាប័នឯកជន និង​អង្គការមនុស្សធម៌មួយចំនួនដូចជា៖ ធនាគារ DBS ធនាគារ ANZ  មូលនិធិ Rockefeller  អង្គការគំនិតផ្តួចផ្តើម​សកល​របស់គ្លីនតុន និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី  លោក Durreen Shahnaz ស្ថាបនិកក្រុមហ៊ុន IIX បានមាន​ប្រសាសន៍ថា៖ “គម្រោងនេះនាំយើងខិតកាន់តែជិតមួយជំហ៊ាន​ថែម​ទៀតទៅកាន់ពេលវេលាមួយដែលទីផ្សារហិរញ្ញវត្ថុរបស់​យើងគិតគូរអំពីផលប៉ះពាល់សង្គម និងបរិស្ថាន ដូចគ្នាទៅនឹងចំណូល​ហិរញ្ញវត្ថុ”។  ៦០ភាគរយនៃមូលធនសម្រាប់សញ្ញា​ប័ណ្ណនេះត្រូវបានផ្តល់ដោយអ្នកវិនិយោគអាស៊ី ដែលភាគច្រើនជាអតិថិជនរបស់ធនាគារឯកជន។  ក្រុមហ៊ុន IIX កំពុងមាន​ផែន​ការអភិវឌ្ឍសញ្ញាប័ណ្ណនិរន្តរភាពសង្គមបន្ថែមទៀតនាពេលអនាគត។

ចាប់តាំងពីឆ្នាំ ១៩៩៩ តាមរយៈអាជ្ញាធរឥណទានអភិវឌ្ឍ ទីភ្នាក់ងារ USAID បានរៀបចំឥណទានជាង ៣៥០លានដុល្លារ​តាមរយៈអ្នកធានាចំនួន ៦៣ ក្នុងប្រទេសអាស៊ីចំនួន ១៣។ អ្នកធានាកម្ចីរបស់ទីភ្នាក់ងារ USAID សម្រាប់គម្រោងសញ្ញា​ប័ណ្ណជីវភាពស្ត្រី គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍតំបន់អាស៊ាន។ សហរដ្ឋអាមេរិកចាប់ដៃគូជាមួយ​អាស៊ានដើម្បីគាំទ្រសមាហរណកម្មសេដ្ឋកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការលំហរសមុទ្រ បណ្តុះបណ្តាលអ្នកដឹកនាំជំនាន់​ក្រោយ លើកកម្ពស់កាលានុវត្តភាពសម្រាប់ស្ត្រី ព្រមទាំងដោះស្រាយបញ្ហាប្រឈមឆ្លងដែននានា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក Harry Lipper អ្នកឯកទេសទំនាក់ទំនងជាន់ខ្ពស់នៃទីភ្នាក់ងារ USAID  តាមរយៈ hlipper@usaid.gov

លោក Montakan Tanchaisawat អ្នកឯកទេសទំនាក់ទំនងនៃទីភ្នាក់ងារ USAID តាមរយៈ mtanchaisawat@usaid.gov