- សូមគោរពឯកឧត្តម ង៉ាន់ ចម្រើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- សូមគោរពអង្គការដៃគូរអភិវឌ្ឍនានា
- ភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព
ក្នុងនាមទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ។ កិច្ចប្រជុំនេះបានពិភាក្សាគ្នាយ៉ាងរស់រវើក និងប្រកបដោយការស្ថាបនាលើប្រធានបទស្តីពីការគ្រប់គ្រងធនធានព្រៃឈើក្នុងប្រទេសកម្ពុជា ជាពិសេសការពិភាក្សាក្នុងថ្នាក់សហគមន៍។
ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញអ្នកចូលរួមនាថ្ងៃនេះដោយមានតំណាងអោយក្រុមដែលមានបទពិសោធន៍ និងចំណេះដឹងខុសៗគ្នា ក្នុងនោះរួមមានក្រុមអភិវឌ្ឍសហគមន៍ អង្គការសង្គមស៊ីវិល ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ។
ការផ្តល់មតិយោបល់និងទស្សនៈដ៏មានតម្លៃពីគ្រប់តំណាងទាំងអស់នៅលើវេទិកាតែមួយដូច្នេះ គឺមានសារៈសំខាន់ណាស់សម្រាប់គោលដៅរួមរបស់យើងក្នុងការការពារធនធានធម្មជាតិរបស់កម្ពុជា។ បទពិសោធន៍ និងបញ្ហាទាំងឡាយដែលយើងពិភាក្សាថ្ងៃនេះជុំវិញការគ្រប់គ្រងធនធានធម្មជាតិដូចជា៖ ការធ្វើល្បាតរួមគ្នា និងការបំពេញការងារជាមួយសហគមន៍ព្រៃឈើ គឺស្ថិតក្នុងការគាំទ្រដោយផ្ទាល់ចំពោះការអំពាវនាវជាបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថាបញ្ហាគ្រប់គ្រងធនធានធម្មជាតិត្រូវបានលើកឡើងក្នុងសារាចរលេខ ៥ ដែលបានប្រកាសនាចុងឆ្នាំ ២០១៦នេះរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិមានមោទនភាពក្នុងការគាំទ្រដល់យុទ្ធសាស្ត្រគ្រប់គ្រងធនធាន ធម្មជាតិទាំងឡាយដែលអ្នកទាំងអស់គ្នាបានពិភាក្សាក្នុងថ្ងៃនេះ ពីព្រោះវាបង្ហាញថាយើងទាំងអស់គ្នាមិនត្រឹមតែកំពុងផ្តោតលើការឆ្លើយតបចំពោះបញ្ហាមួយៗប៉ុណ្ណោះទេ តែយើងកំពុងធ្វើការដើម្បីពង្រឹងប្រព័ន្ធទាំងមូលពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការគ្រប់គ្រងធនធានធម្មជាតិ។
ប្រព័ន្ធក្នុងស្រុកត្រូវបានបង្កើតឡើងដោយអ្នកពាក់ព័ន្ធផ្សេងគ្នាជាច្រើន ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ប្រព័ន្ធនោះអនុលោមទៅតាមច្បាប់ និងវិធានមួយស្មុគស្មាញ ហើយតួអង្គទាំងឡាយមានតួនាទី និងការទទួលខុសត្រូវផ្សេងៗគ្នា។ កិច្ចការដែលយើងកំពុងអនុវត្តរួមគ្នា គឺមានឥទ្ធិពលខ្លាំង ដោយសារយើងកំពុងធ្វើការពង្រឹងប្រព័ន្ធទាំងមូលអោយកាន់តែរឹងមាំឡើង។ ប្រសិនបើយើងអាចធ្វើកិច្ចការនេះបានត្រឹមត្រូវ យើងប្រាកដជាអាចរៀនសូត្រពីកិច្ចការដែលយើងកំពុងធ្វើ ហើយដែលអាចមានឥទ្ធិពលខ្លាំងទៅលើការគ្រប់គ្រងធនធានធម្មជាតិក្នុងឃុំទាំងឡាយនៅទូទាំងប្រទេសកម្ពុជា។
ដូច្នេះ តើអ្វីជាជំហ៊ានបន្ទាប់? ក្តីរំពឹងរបស់យើង គឺថាយើងអាចរៀនសូត្រពីគំនិតផ្តួចផ្តើមទាំងនេះ ហើយបន្តពង្រឹងប្រព័ន្ធទាំងឡាយដែលកំណត់ពីរបៀបធ្វើសេចក្តីសម្រេចចិត្ត និងរបៀបនៃការវិនិយោគធនធាននានាប្រកបដោយភាពច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ។
ការប្រឈមរបស់យើង គឺជាបទបិសោធន៍ដែលអាចស្វែងរកមធ្យោបាយរក្សា និងអនុវត្តជាថ្មីនូវសកម្មភាពល្អៗរបស់យើងនៅទូទាំងប្រទេស។ កិច្ចការនេះនឹងតម្រូវអោយមានការផ្តល់ធនធានប្រកបដោយនិរន្តភាព តួនាទី និងការទទួលខុសត្រូវច្បាស់លាស់ ព្រមទាំងសំខាន់បំផុតនោះ គឺឆន្ទះរឹងមាំក្នុងការអនុវត្តការងារពីអ្នកពាក់ព័ន្ធទាំងឡាយ។
ជាថ្មីម្តងទៀត ជួសមុខអោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ និងប្រជាជនអាមេរិក ខ្ញុំសូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈរបស់អ្នកទាំងអស់គ្នាក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញជុំវិញការគ្រប់គ្រងធនធានធម្មជាតិរបស់កម្ពុជា។ យើងខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់អ្នកទាំងអស់គ្នា ហើយសូមលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាអោយបន្តកិច្ចប្រឹងប្រែងនេះបន្ថែមទៀត។ សូមអរគុណផងដែរចំពោះការចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាមួយយើងទាំងអស់គ្នាថ្ងៃនេះ ដើម្បីបង្ហាញពីសារៈសំខាន់នៃសិក្សា និងបទពិសោធន៍របស់អ្នកទាំងអស់គ្នាទៅវិញទៅមក។ សូមប្រើប្រាស់នូវអ្វីដេលយើងបានសិក្សាថ្ងៃនេះ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងកសាងប្រទេសកម្ពុជាដ៏រឹងមាំមួយ។
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.