- សូមគោរព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
- សូមគោរព លោកជំទាវ ស្រី គឹមឆយ អភិបាលរង ខេត្តកំពង់ចាម
- សូមគោរព លោក Peter Williams តំណាងអង្គការ IJM
- សូមគោរពសមាជិកទាំងអស់នៃគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
- សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយលោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ អង្គសិក្ខាសាលានេះតំណាងឲ្យឱកាសតែមួយគត់សម្រាប់ឲ្យយើងទាំងអស់គ្នាធ្វើការពិភាក្សាអំពីជោគជ័យ និងការប្រឈមនានាដែលយើងកំពុងតែបន្តជួបប្រទះក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះ លោកជំទាវ ជូ ប៊ុនអេង ដែលអញ្ជើញពីគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង លោកជំទាវ ស្រី គឹមឆយ អភិបាលរង ខេត្តកំពង់ចាម ដែលបានអនុញ្ញាតអោយអង្គសិក្ខាសាលានេះលេចចេញជារូបរាងឡើងនៅក្នុងទឹកដីខេត្តកំពង់ចាម។ ខេត្តកំពង់ចាម គឺជាប្រភពគន្លឹះនៃការជួញដូរមនុស្សសម្រាប់ធ្វើទេសន្តរប្រវេសន៍ដោយគ្មានសុវត្ថិភាព និងការជួញដូរកម្លាំងពលកម្ម។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ Winrock អន្តរជាតិ និងអង្គការ IJM ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការងារនេះ។ យើងទាំងអស់គ្នាមានមោទនភាពចំពោះការងារដែលយើងធ្វើ ដើម្បីបង្ការ ការពារ និងការផ្តន្ទាទោសនូវឧក្រិដ្ឋកម្មឆ្លងដែនដ៏ធ្ងន់ធ្ងរនេះ។
ការជួញដូរមនុស្ស គឺជាការប្រឈមសកលមួយផ្នែកសិទ្ធិមនុស្ស ។ វាប៉ះពាល់ដល់ជនងាយរងគ្រោះ វាធ្វើឲ្យខូចខាតដល់នីតិរដ្ឋ និងខូចដល់ពាណិជ្ជកម្មសកល។ ប្រហែលជាពុំមានការប្រឈមណាធំជាងឧក្រិដ្ឋកម្មជួញដូរមនុស្សឆ្លងដែន ដែលជះឥទ្ធិពលលើមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំនៅលើសកលលោកនោះទេ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយសារថាវាមិនត្រឹមតែប៉ះពាល់ចំពោះបុគ្គលរងគ្រោះ និងក្រុមគ្រួសាររបស់គេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សហគមន៍របស់ពួកគេ ក៏ដូចជាប្រទេសទាំងមូល ដោយមិនខ្វល់អំពីទីតាំង និងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចនោះឡើយ។ តាមរយៈបទពិសោធន៍ពីជុំវិញពិភពលោក កិច្ចសហការរឹងមាំរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជាក៏មានសេចក្តីព្រួយបារម្ភដូចសហរដ្ឋអាមេរិកដែរ ហើយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានបង្ហាញនូវភាពជាអ្នកដឹកនាំ និងកិច្ចសហការចាំបាច់នានា ដើម្បីកសាងនូវវឌ្ឍនភាពពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សុ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) និងទីភ្នាក់ងារដ៏ទៃផ្សេងទៀត គឺជាអ្នកផ្តល់ជំនួយធំមួយក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ចន្លោះឆ្នាំ ២០០១ ដល់ ២០១០ ទីភ្នាក់ងារ USAID បានចំណាយថវិកាប្រមាណ ១៦៣លានដុល្លារ នៅបណ្តាប្រទេសចំនួន ៦៣ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យើងគាំទ្រចំពោះសសរស្តម្ភជាយុទ្ធសាស្ត្រាទាំងបួននៃការឆ្លើយតបចំពោះការជួញដូរមនុស្សដែលក្នុងនោះរួមមាន៖ ការបង្ការ ការការពារ ការផ្តន្ទាទោស និងភាពជាដៃគូ។ នៅប្រទេសកម្ពុជា ទីភ្នាក់ងារ USAID បានគាំទ្រចំពោះការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអស់រយៈកាលជាងមួយទស្សវត្សមកហើយ។ ក្នុងខែ តុលា ឆ្នាំ២០១៥ យើងបានប្រគល់គម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាសម្រាប់រយៈពេលបួនឆ្នាំទៅឲ្យអង្គការ Winrock អន្តរជាតិ។ គម្រោងនេះមានគោលបំណងដោះស្រាយបញ្ហាជាឬសគល់នៃការជួញដូរមនុស្ស។ គម្រោងនេះការពារ និងជួយដល់ជនដែលរងគ្រោះដោយអំពើជួញដូរ ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ ព្រមទាំងជម្រុញការផ្តន្ទាទោស។ យើងខ្ញុំសង្ឈឹមថា ជីវភាពប្រសើរឡើងនៅក្នុងស្រុក នឹងជួយទប់ស្កាត់ពួកគេពីការធ្វើដំណើរទៅទីឆ្ងាយ និងធ្លាក់ចូលក្នុងកន្លែងគ្រោះថ្នាក់ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។
ថ្ងៃនេះ យើងដោះស្រាយបញ្ហានៃការជួញដូរមនុស្សក្នុងខេត្តកំពង់ចាម តាមរយៈការពង្រឹងកិច្ចសហការ ការចែករំលែកបទពិធន៍ និងការស្វែងរកមធ្យោបាយខុសៗគ្នាដើម្បីប្រយុទ្ធនឹងបញ្ហាដែលយើងកំពុងជួបប្រទះ។ ក្នុងខែ មិថុនា ឆ្នាំនេះ លោកស្រីនាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានចូលរួមជាមួយ លោកជំទាវ ជូ ប៊ុនអេង ដើម្បីអបអរសាទរដល់គ្រូបង្វឹកនគរបាលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលមួយដែលសហការរៀបចំដោយអង្គការ IJM និងបណ្ឌិតសភានគរបាលកម្ពុជា។ គ្រូបង្វឹកនគរបាលទាំងនោះបានមានឱកាសក្នុងការសិក្សាពីវិធីសាស្ត្រទាញយកភស្តុតាងពីសាក្សី ជនរងគ្រោះ និងជនសង្ស័យ។ ទាំងនេះ គឺជាជំនាញដែលអនុញ្ញាតឲ្យពួកគេកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសអ្នកជួញដូរមនុស្ស។
ជាទីបញ្ចប់ ខ្ញុំសូមកោតសរសើរជាថ្មីម្តងទៀតនូវវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរបស់ខ្លួនសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងគ្រប់រូបភាព។ ដូចដែលលោកជំទាវ ឯកឧត្តម អស់លោក-លោកស្រីភាគច្រើនបានជ្រាបហើយថា ក្នុងឆ្នាំនេះ ប្រទេសកម្ពុជានៅតែរក្សាចំណាត់ថ្នាក់ទី២របស់ខ្លួននៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិក មានន័យថាប្រទេសកម្ពុជាបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ស្របតាមស្តង់ដាអប្បបរិមានៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលលើកិច្ចការប្រឈមដ៏សំខាន់នេះក្នុងពេលខាងមុខ។ យើងសង្ឈឹមថា នៅថ្ងៃណាមួយប្រជាជនកម្ពុជាអាចធ្វើទេសន្តរប្រវេសន៍ទៅរកការងារធ្វើដែលប្រសើរជាងមុនប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ហើយអាចបំពេញការងារ និងរស់នៅដោយពុំមានការភ័យខ្លាចដោយអំពើជួញដូរ។
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.